បន្ទាប់ពីចុះស្រង់ស្ថិតិជនបរទេសរួចរាល់ អាជ្ញាធរនឹងចាប់ផ្ដើមជម្លៀសអ្នករស់នៅលើទឹកបឹងទន្លេសាបទាំងអស់ ទៅឲ្យរស់នៅលើគោក ប៉ុន្តែអាជ្ញាធរនឹងមិនផ្ដល់ដីសម្បទានសង្គមកិច្ច ឬផ្ទះសម្បែងសម្រាប់ពួកគេជួលរស់នៅឡើយ។ យ៉ាងណាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា រដ្ឋាភិបាលមិនទាន់បានគិតគូរដល់រឿងនេះនៅឡើយទេ។
កំពង់ឆ្នាំង គឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន ៦ ឋិតនៅជាប់បឹងទន្លេសាប ហើយមានជនបរទេស ឬអន្តោប្រវេសន៍វៀតណាម រស់នៅលើផ្ទៃទឹកច្រើន។ បច្ចុប្បន្ន រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានហាក់នៅលាក់លៀមច្រើនទាក់ទងនឹងសកម្មភាពចុះស្រង់ស្ថិតិ និងគ្រប់គ្រងជនបរទេសនៅកម្ពុជា។ អាជ្ញាធរ និងប្រភពព័ត៌មានខ្លះបង្ហើបថា អ្នករស់នៅលើផ្ទៃទឹកទាំងអស់នឹងត្រូវជម្លៀសឡើងគោក។
អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអ្នកទទួលបន្ទុកការងារសន្តិសុខ សណ្ដាប់ធ្នាប់ លោក ហ៊ី ណាត ថ្លែងថា វិធានការនាំយកពលរដ្ឋរស់នៅលើទឹកឡើងគោកនឹងត្រូវធ្វើ តែមិនទាន់កំណត់ពេល ឬវិធានការច្បាស់លាស់នៅឡើយ។ លោកថា អាជ្ញាធរនឹងមិនធានាខុសត្រូវរកដីធ្លី ឬផ្ទះជូនពលរដ្ឋទាំងនោះឡើយ ប្រសិនបើថ្ងៃខាងមុខតម្រូវឲ្យឡើងគោក ដើម្បីបញ្ចៀសការបំពុលទឹកទន្លេ៖ «អារឿងឡើងលើគោកហ្នឹងយើងអត់ធានារកដីធ្លីអីឲ្យគាត់ទេ។ ឥឡូវយើងរង់ចាំមើលបន្លិចទៅ ពីព្រោះចំណាត់ការមិនទាន់ចេញជាស្អី តែអាជ្ញាធរខេត្ដខិតខំរៀបរយឲ្យមានសណ្ដាប់ធ្នាប់»។
អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចេញសារាចរ និងបង្កើតគណៈកម្មការចម្រុះមួយកាលពីចុងឆ្នាំ១៩៩៩ ដើម្បីរៀបចំសណ្ដាប់ធ្នាប់រស់នៅលើទឹករបស់ពលរដ្ឋវៀតណាម និងអនុវត្តការងារក្នុងឆ្នាំ២០០០ ដោយផ្ដើមឲ្យពលរដ្ឋជាង ៣០គ្រួសារឡើងរស់នៅលើគោកក្បែរច្រាំងទន្លេ តែសកម្មភាពនេះបានបាត់ទៅវិញ។ នៅអំឡុងឆ្នាំ២០១០ គណៈកម្មការដូចគ្នានេះបានបង្កើតម្ដងទៀត ប៉ុន្តែគ្មានសកម្មភាព។
ពលរដ្ឋជនជាតិវៀតណាមម្នាក់រស់នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង លោក ប៊ួយ យ៉ាំងបាយ មានប្រសាសន៍ថា ថ្មីៗនេះរូបលោក និងពលរដ្ឋក្នុងភូមិជាច្រើនទៀតបានទទួលព័ត៌មានចចាមអារ៉ាមថា អាជ្ញាធរនឹងជម្លៀសឲ្យអ្នករស់នៅលើផ្ទៃទឹកទាំងអស់ឡើងគោក ដោយគ្មានគោលនយោបាយអ្វីសោះ ទើបអ្នកខ្លះខ្វល់ចិត្ត និងមិនព្រមឡើងគោកទៅរស់នៅទីតាំងឆ្ងាយពីមាត់ទន្លេឡើយ ដោយគិតថា ពួកគាត់មិនអាចរកអ្វីបានក្រៅពីមុខរបរនេសាទ។
លោកថា រដ្ឋាភិបាលគប្បីរកទីទួល ឬសង់ផ្ទះសម្រាប់ជួលដល់ពលរដ្ឋទាំងនោះរស់នៅ និងតម្រូវឲ្យបង់ប្រាក់ជូនរដ្ឋទើបប្រសើរ៖ «ឯកឧត្ដម (អភិបាលនៃគណៈអភិបាលខេត្ត) ច្រើនហើយខ្ញុំនៅកំពង់ឆ្នាំងនេះ ដូចឯកឧត្ដម សូ ភិរិន្ទ ដេញទៅដេញមកហើយឲ្យឡើងគោក ប្រជាជនក៏ព្រមឡើងគោក ប៉ុន្តែអត់មានដីសុទ្ធតែរបស់គេមានប្លង់អីត្រឹមត្រូវ»។
ស្នងការរងទទួលបន្ទុកស្ថិតិជនបរទេស និងមន្ត្រីប៉ូលិសមួយចំនួនទៀត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បដិសេធមិនអត្ថាធិប្បាយជុំវិញបញ្ហានេះឡើយនៅថ្ងៃទី២២ ខែធ្នូ ដោយអះអាងថា មិនទាន់មានតួលេខ និងវិធានការជាក់លាក់លើជនបរទេសដែលកំពុងរស់នៅលើទឹកបឹងទន្លេ សាប។ ប៉ុន្តែតួលេខឲ្យដឹងក្រៅផ្លូវការថា នៅទូទាំងខេត្តកំពង់ឆ្នាំង មានជនបរទេស ឬជនជាតិវៀតណាម ចំនួនជាង ១ពាន់គ្រួសារ (១.០៩២) បើគិតជាមធ្យមក្នុង១គ្រួសារមានសមាជិកបីនាក់ គឺមានជាង ៣ពាន់នាក់ (៣.២៧៦)។ ប៉ុន្តែចំនួនអន្តោប្រវេសន៍បរទេសនេះ អាចពិបាករកកន្លែងរស់នៅលើគោកនៅថ្ងៃអនាគត។
ទាក់ទងបញ្ហានេះមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងបញ្ជាក់ថា ក្រុមការងារចុះស្រង់ស្ថិតិ និងគ្រប់គ្រងជនបរទេសបានធ្វើការងាររបស់ខ្លួនចប់មួយជំហានហើយ ប៉ុន្តែមិនទាន់បូកសរុបតួលេខជនបរទេស។ លោកថា គម្រោងនាំអ្នករស់នៅលើទឹកឡើងគោកនោះរដ្ឋាភិបាលមិនទាន់គិតគូរយ៉ាងម៉េចនៅឡើយ ប៉ុន្តែស្ថាប័នពាក់ព័ន្ធកំពុងធ្វើការងារនេះជាបន្តបន្ទាប់ហើយ។
មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) ប្រចាំខេត្តកំពង់ឆ្នាំង លោក ទត គឹមស្រូយ យល់ថា រដ្ឋាភិបាល ឬអាជ្ញាធរជៀសមិនផុតពីការរិះគន់របស់គណបក្សប្រឆាំង ឬពលរដ្ឋមួយចំនួនជុំវិញវិធានការជម្លៀសពលរដ្ឋវៀតណាម ឡើងគោកនេះទេ ប៉ុន្តែគេត្រូវគោរពគោលការណ៍សិទ្ធិមនុស្សជាសកលដោយរៀបចំដីសម្បទាន សង្គមកិច្ច ឬផ្ទះសម្បែងសម្រាប់ជួលដល់ពួកគាត់រស់នៅរួចរាល់ជាមុន ចាំជម្លៀសពួកគាត់ទាំងអស់ឡើងទៅរស់នៅតែម្ដង ដែលធ្វើបែបនេះអាចមានប្រសិទ្ធភាពច្រើន ហើយអាចកាត់បន្ថយការបំពុលទឹកបឹងទន្លេសាបទៀតផង។
អ្នកវិភាគបញ្ហាសង្គម និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលធ្វើការលើវិស័យសិទ្ធិមនុស្សឲ្យដឹងថា បញ្ហាជនបរទេស ឬអន្តោប្រវេសន៍វៀតណាម នៅតែជាចំណុចរសើបរបស់រដ្ឋាភិបាលកម្ពុជា។ ជាទូទៅព័ត៌មានទាក់ទងនឹងសកម្មភាពចុះស្រង់តួលេខជនអន្តោប្រវេសន៍នៅមានការលាក់លៀម និងពុំមានតម្លាភាពដែលធ្វើឲ្យសាធារណៈជនមិនសូវជឿជាក់លើតួលេខ ឬប្រសិទ្ធភាពការងាររដ្ឋាភិបាល៕
Bagikan
ស្ថានភាពរស់នៅនិងវិធានការនាំជនជាតិវៀតណាមនៅកំពង់ឆ្នាំងឡើងគោក
4/
5
Oleh
Unknown